ផលិតផលខ្មែររាប់រយមុខ នឹងត្រូវដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥

Vuthy Yous
0 Min Read

(ភ្នំពេញ)៖ ផលិតផលខ្មែររាប់ប្រភេទ គ្រោងនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

កម្មវិធីតាំងពិព័រណ៌នេះ ផ្ដួចផ្ដើមឡើងដោយសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា(FASMEC) ដែលមានរយៈពេល ៣ថ្ងៃប្រព្រឹត្តទៅនៅថ្ងៃទី១១ ១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការដាក់តាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នឹងមានការអញ្ជើញចូលជាអធិបតីពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតំណាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សមាគម FASMEC បានជូនដំណឹងដល់សាធារណៈជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួម និងចង់បង្ហាញនូវផលិតផល ឬសេវាកម្មរបស់ខ្លួន អាចសាកសួរព័ត៌មានលម្អិតទៅកាន់សមាគមមូលនិធិសម្តេចតេជោ តាមរយៈលេខទូរស័ព្ទ ០៩៥ ៨៣៨ ៣៥៥/ ០៩៨ ៣៣១ ៥៣៦/ ០៧០ ៣៧២ ៨២៩ ឬតាមរយៈតេលេក្រាម។

ដោយ FASMEC សង្ឃឹមថា ម្ចាស់សហគ្រាស និងសិប្បកម្មរបស់ខ្មែរនឹងមានចំណាប់អារម្មណ៍ចូលរួមផ្សព្វផ្សាយលើកកម្ពស់ ផ្តល់តម្លៃ និងការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥នេះ៕

Share This Article