សម្តេច ហ៊ុន សែន ស្នើឱ្យសហរដ្ឋអាមេរិកឃ្លាំមើលសកម្មភាពកងទ័ពថៃរាយបន្លាលួសព័ទ្ធយកដីពលរដ្ឋខ្មែរនៅតាមព្រំដែន

SOTH
1 Min Read

(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច ហ៊ុន សែន បានស្នើឱ្យសហរដ្ឋ​អា​មេ​រិកបន្តយកចិត្តទុកដាក់តាមដានទៅលើសកម្មភាពរបស់យោធាថៃដែលតែងតែរាយបន្លាលួសនៅតាមបន្ទាត់ព្រំដែន ​ដោយសម្ដេចចាត់ទុកថា ជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់កន្លងមក។

ការលើកឡើងនេះ សម្តេច​ ហ៊ុន សែន បាន​អនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សារការងារមួយចំនួន នាថ្ងៃទី៥ ខែកញ្ញានេះ នៅវិមានព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ អ្នកពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានក្រោយចប់កិច្ចពិភាក្សាថា សម្តេចតេជោបានស្នើអាមេរិក បន្តយកចិត្តទុកដាក់តាមដានលើស្ថានការណ៍ដែលកំពុងវិវឌ្ឍន៍នេះ ដើម្បីធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់។

នៅចំពោះមុខលោកស្រីភារធារីស្ថានទូតអាមេរិក, សម្តេចតេជោបានបង្ហាញក្តីបារម្ភចំពោះការវិវឌ្ឍន៍នៃស្ថានការណ៍ចុងលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសកម្មភាពរាយបន្លាលួសតាមព្រំដែនពីសំណាក់កងទ័ពថៃ។ នេះបើតាមអ្នកនាំពាក្យព្រឹទ្ធសភា។
សម្តេច ហ៊ុន សែន បានប្រាប់លោកស្រីភារធារីស្ថានទូតអាមេរិកថា កម្ពុជាបានអត់ធ្មត់សព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវបទឈប់បាញ់។ ជំហររបស់កម្ពុជា គឺចង់ឱ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ អាចដោះស្រាយ ហើយវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញដូចមុនពេលមិនទាន់មានវិវាទ។



​លើសពីនេះ សម្តេចបានអរគុណចំពោះសហរដ្ឋអាមេរិកដែលបានចាត់វិធានការ​ទាន់​ពេល​វេលាលើជម្លោះរវាងកម្ពុជា និងថៃ។ បទឈប់បាញ់ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីអាមេរិក បានជួយដល់ប្រទេសទាំងពីរ ជាពិសេសកុំឱ្យទាហាន និងប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមបន្តទៅមុខទៀត។

ជាការឆ្លើយតប លោកស្រីភារធារីស្តីទី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ​លោក​ស្រី និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេសបានរំលេច​ពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ លោកស្រី បានគូសរំលេចថា បច្ចុប្បន្ននេះ​ទំនាក់​ទំនង​រវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុ​ង​ប្រារព្ធនូវការអប​អរសាទរខួប៧៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។

លោកស្រីបានបញ្ជាក់ទៀតថា លោកប្រធានាធិបតី និងលោករដ្ឋមន្ត្រីការបរទេស បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ហើយជាជំហររបស់អាមេរិកផ្ទាល់ គឺចង់ឃើញស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ វិលទៅរកភាពល្អប្រសើរឡើងវិញ ជាពិសេសចង់ឃើញសន្តិភាពរវាងកម្ពុជា និងថៃ។

លោកស្រីភារធារីរបស់ស្ថានទូតអាមេរិក ក៏បានបញ្ជាក់ដែរថា អាមេរិក ក៏នឹងប្រឹងប្រែងជំរុញឱ្យលេចចេញជារូបរាងនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ដូចទៅនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ៕

Share This Article