(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោងរយៈពេល ៨ខែឆ្នាំ២០២៥នេះ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។


សេចក្តីប្រកាសព័ត៌មានរបស់ CDC បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៥១ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៥។

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ CDC បានកត់សម្គាល់ឃើញថា បើប្រៀបធៀបនឹង គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤១៤គម្រោង ក្នុងរយៈពេល ៨ខែនេះ បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ មានត្រឹម ៧៧គម្រោង។

នៅក្នុងខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦គម្រោង៕


