សត្វ«ត្មាត»នៅកម្ពុជាកើនដល់ ១៤៣ក្បាល ខណៈប្រទេសជិតខាងបានផុតពូជទៅហើយ

Vuthy Yous
1 Min Read

(ភ្នំពេញ)៖ លទ្ធផលជំរឿនសត្វត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស បានកត់ត្រាចំនួនសត្វត្មាតសរុប ១៤៣ក្បាល ដែលជាលទ្ធផលខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ២០១៩ ខណៈសម្បុកសត្វត្មាតសរុបចំនួន ១៩សម្បុក ត្រូវបានរកឃើញ ធ្វើការអង្កេតតាមដាន និងការពារក្នុងអំឡុងឆ្នាំ២០២៤ ដែលជាលទ្ធផលកូនចំនួន ១៦ក្បាលបានញាស់ និងហើរចេញពីសម្បុកយ៉ាងជោគជ័យ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានបង្ហាញអំពីកត្តាប្រឈមមួយចំនួនដែលបានកើតឡើងចំពោះសត្វត្មាត។ ករណីបំពុលដែលធ្វើឡើងទៅលើសត្វស្រុក និងសត្វព្រៃនៅតែបន្តកើតមាននៅតាមទីតាំងសំខាន់ៗ ដែលមាននៅក្នុងរបាយសត្វត្មាតក្នុងឆ្នាំ២០២៤។ ខណៈដែរសត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការស៊ីសាកសពជាកាកសំណល់ សត្វត្មាតប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បើពួកគេស៊ីសាកសពសត្វដែលស្លាប់ដោយការបំពុល។ ការអភិរក្សឆ្លងប្រទេសក៏ជាការងារមួយសំខាន់ផងដែរ ដោយអ្នកស្រាវជ្រាវទើបបានរកឃើញថាសត្វត្មាតផេះមួយចំនួនកំពុងពងកូននៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា និងប្រទេសឡាវ ក្នុងខេត្តចំប៉ាសាក់។

ទោះបីជាមានការខិតខំប្រឹងប្រែងអភិរក្សយ៉ាងខ្លាំងក៏ដោយ ក៏សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមិនទាន់ចេញផុតពីស្ថានភាពគ្រោះថ្នាក់ឈានទៅផុតពូជនៅឡើយទេ។ ការរស់រានមានជីវិតរបស់ពួកគេអាស្រ័យទៅលើកិច្ចសហការអភិរក្ស និងការឆ្លើយតបទៅនឹងកត្តាគំរាមកំហែងបន្ទាន់។

របាយការណ៍ឆ្នាំ២០២៤ សង្កត់ធ្ងន់អំពីតម្រូវការក្នុងការពង្រឹងការអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហាបំពុលសត្វព្រៃ ការពង្រឹងកិច្ចសហការជាមួយសហគមន៍មូលដ្ឋាន និងតម្រូវការមូលនិធិរយៈពេលវែងដើម្បីបន្តអនុវត្តផែនការអភិរក្ស។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វត្មាតនៅក្នុងប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា។ ពួកវាមានតួនាទីដ៏សំខាន់ក្នុងការបោសសម្អាតសាកសព និងជាសូចនាករចង្អុលបង្ហាញអំពីសុខភាពប្រព័ន្ធអេកូឡូស៊ី។ ជាព័ត៌មានដ៏រីករាយ និងលើកទឹកចិត្តដែលថាសត្វត្មាតយើងមិនមានការធ្លាក់ចុះ ក៏ប៉ុន្តែពួកវានៅមានចំនួនតិចនៅឡើយ​ ហេតុនេះត្រូវបន្តសកម្មភាពអភិរក្ស ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែងរបស់ពួកវា។ ក្រុមការងារ​អភិរក្សសត្វត្មាតនៅ​កម្ពុជា ​នៅតែបន្ត​ប្តេជ្ញាចិត្ត​ក្នុងការអភិរក្សដើម្បី​ធានា​ឱ្យ​សត្វ​ត្មាត​ទាំងនេះ​មាន​វត្តមាននាពេលអនាគត។ ដោយមានកិច្ចគំាទ្របន្តកម្ពុជាមានក្កីសង្ឃឹមក្នុងការការពារចំនួនប្រជាសាស្ត្ររបស់សត្វត្មាត ដែលនៅសេសសល់ចុងក្រោយឱ្យរស់រានមានជីវិតក្នុងនាមជាបក្សីដ៏អស្ចារ្យប្រចាំតំបន់។

ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពមនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជាជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត​(rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាចបំផ្លាញមេរោគ ខណៈពេលដែលការស៊ីសាកសពក៏ជួយកាត់បន្ថយក្លិនស្អុយ និងហានិភ័យនៃជំងឺ។ ភស្តុតាងមានកើតក្នុងប្រទេសឥណ្ឌា បានបង្ហាញថាពេលចំនួនត្មាតធ្លាក់ចុះយ៉ាងកំហុគ គេសង្កេតឃើញថាមានការកើនឡើងនូវចំនួនឆ្កែអនាថា និងជំងឺឆ្លងមកកាន់មនុស្ស។

ក្នុងនាមជាភ្នាក់ងារសម្អាតធម្មជាតិ ត្មាតមានតួនាទីសំខាន់ក្នុងការរក្សាអនាម័យបរិស្ថាន និងស្ថិរភាពជីវចម្រុះ។​ អស់រយៈពេលជាង២០ឆ្នាំមកនេះប្រទេសកម្ពុជាគឺជាទីជម្រកដ៍សំខាន់សម្រាប់សត្វត្មាតដែលងាយរងគ្រោះ និងជិតផុតពូជបំផុត ដែលមានសេសសល់នៅអាស៊ីអាគ្នេយ៍ សត្វត្មាតទាំងនោះ រួមមាន ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogyps calvus)៕

Share This Article