សម្តេច ហ៊ុន សែន៖ អ្នកខ្លះមានសំណាងដែលកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថា ពួកគេមានខួរក្បាលល្អជាងយើងអ្នកក្រនោះទេ

Vuthy Yous
1 Min Read

(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយលោក Daouda Bitie ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូប្រចាំកម្ពុជា សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា ប្រទេសអ្នកមានមួយចំនួនមានសំណាង ដែលពួកគេបានកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថា អ្នកទាំងនោះមានខួរក្បាលល្អជាងអ្នកក្រនោះទេ។

ជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែកញ្ញានេះ សម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យលោក Daouda Bitie ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារចាត់តាំង។

សម្ដេចបានចែករំលែកយោបល់ពីទំនាក់ទំនងជាមួយបរទេស ជាពិសេសប្រទេសអ្នកមានមួយចំនួន ដែលពេលខ្លះការផ្ដល់យោបល់នោះមិនប្រាកដថា ត្រឹមត្រូវទាំងអស់នោះទេ។ ដូច្នេះអ្វីដែលត្រូវប្រុងប្រយ័ត្ននោះយោបល់របស់ពួកគេត្រូវតែមានការថ្លឹងថ្លែងឱ្យបានស៊ីជម្រៅ ព្រោះកម្ពុជាក៏បានឆ្លងកាត់បទពិសោធនេះរួចទៅហើយ។

សម្ដេចបានបញ្ជាក់ថា៖«យើងជាប្រទេសក្រីក្រអ្វីដែលយើងប្រយ័ត្នបំផុតនោះ គឺជំនួយពីបរទេសដែលជំនួយខ្លះនឹងជះផលអវិជ្ជមានផងដែរ ប្រសិនបើយើងខ្វះការគិតគូរឲ្យបានត្រឹមត្រូវ។ ពេលខ្លះប្រទេសអ្នកមានមួយចំនួន ពួកគេគ្រាន់តែមានសំណាងដែលបានកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថា ពួកគេមានខួរក្បាលល្អជាងយើងអ្នកក្រនោះទេ»។

សម្ដេចបានពេញចិត្តក្នុងការចែករំលែកនូវបទពិសោធ ហើយក៏ទទួលស្គាល់ថា បទពិសោធរបស់ប្រទេសកម្ពុជា និងបួគីណាហ្វាសូ មានភាពប្រហាក់ប្រហែលគ្នា ជាពិសេសស្ថិតនៅក្រោមអាណានិគមបារាំងដូចគ្នាដែលអាចរៀនសូត្រពីគ្នា។

លើសពីនេះសម្ដេចតេជោក៏បានចែករំលែកទាក់ទងនឹងការវិនិយោគសម្រាប់បរិបទកម្ពុជាកន្លងមក ដោយការវិនិយោគពីបរទេសពិតជាសំខាន់ហើយ ប៉ុន្តែរឿងដែលសំខាន់បំផុតនោះគឺ ការវិនិយោគនៅក្នុងស្រុក ប្រជាជននៅក្នុងស្រុកមានការវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីក្រៅ ពីព្រោះអ្នកវិនិយោគក្រៅប្រទេសនឹងមើលឃើញស្ថានភាពល្អប្រសើរ ស្ថិរភាពនៅក្នុងប្រទេស ទើបគេមកវិនិយោគក្នុងប្រទេសយើង។

ចំណែកលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា វត្តមានរបស់ឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀតបន្ទាប់ពីប្រទេសនេះបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល ១៥ឆ្នាំមកហើយ ។

លោកបន្តថា ភាគីទាំងពីរ គួរតែបង្កើតឱ្យមានកិច្ចព្រមព្រៀងឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់។

ជាការឆ្លើយតបលោក Daouda Bitie បានសម្ដែងក្ដីរីករាយដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតរបស់បួគីណាហ្វាសូ ប្រចាំកម្ពុជានៅពេលនេះ។ នៅពេលលោកមកបំពេញការងារនៅកម្ពុជា វាជាឱកាសមួយដែលបានរៀនសូត្រពីកម្ពុជា។

លោកបានបញ្ជាក់ថា កម្ពុជា និងបួគីណាហ្វាសូ គឺមានប្រវត្តិស្ថិតនៅក្រោមអាណានិគមបារាំងដូចគ្នា ដូច្នេះប្រវត្តិមួយចំនួនមានភាពប្រហាក់ប្រហែលគ្នា ហើយលោកចាប់អារម្មណ៍ផ្ទាល់លើបទពិសោធរបស់សម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជានាពេលកន្លងមកដែលជាបទពិសោធ អាចយកជាគំរូនិងអាចរៀនសូត្របានក្នុងពេលដែល ឯកឧត្តមបានបំពេញការងារនៅកម្ពុជា។

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ លោកអគ្គរដ្ឋទូតបានលើកឡើងចំណុចសំខាន់ដែលភាគីទាំងពីរ ត្រូវតែពង្រឹងជាមួយគ្នានោះគឺទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយលោកបានលើកឡើងថា ប្រទេសបួគីណាហ្វាសូមានចំណុចខ្លាំង គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយអាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា។ ជាមួយគ្នានោះ ក៏នឹងមានកិច្ចសហប្រតិបត្តិការផ្នែកយោធាលើការដោះមីនផងដែរ និងចំណុចទាក់ទងទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាលើឆាកអន្តរជាតិ៕

Share This Article