រាជធានីភ្នំពេញ៖ យុវជនខ្មែរពីររូប ដោយម្នាក់ជាតារារ៉េប និងម្នាក់ទៀតជាកីឡាបាល់ទាត់ បានលាចាកលោកទាំងវ័យក្មេង ដោយសារគ្រោះថ្នាក់ក្នុងការបើកបរ ក្នុងអំឡុងដើមឆ្នាំ២០២៥នេះ។ ក្រោយការបាត់បង់ជីវិតកីឡាករបាល់ទាត់ ទេស សម្បត្តិ រូបភាពតារាចម្រៀងរ៉េប Ruthko ដែលបាត់បង់ជីវិតច្រើនខែមកហើយនោះ ក៏បានផុសឡើងសាជាថ្មីលើបណ្តាញសង្គម។ រូបភាពតារារ៉េប Ruthkoត្រូវបានគេយកមកកាត់ដាក់បញ្ចូលគ្នាជាមួយរូបកីឡាករ ទេស សម្បត្តិ ដោប្រើពណ៌ស-ខ្មៅតំណាងឱ្យការកាន់ទុក្ខ។

មិនតែប៉ុណ្ណោះ រូបភាពអ្នកទាំងពីរត្រូវបានគេចែករំលែកជាមួយខ្លឹមសារចូលរួមរំលែកទុក្ខដល់គ្រួសារ ព្រមទាំងសម្ដែងការសោកស្តាយ ចំពោះការបាត់បង់អ្នកទាំងពីរ។ អ្នកប្រើប្រាស់បណ្តាញសង្គម បានសរសេរសំដៅលើលោក ទេស សម្បត្តិ និងលោក Ruthko ដូច្នេះថា៖«សុទ្ធតែជាយុវជនពេញសមត្ថភាព និងជាមនុស្សល្អ»។

កីឡាករ ទេស សម្បត្តិ និងតារារ៉េប Ruthko បាត់បង់ជីវិតនៅអាយុ២៥ឆ្នាំស្របាលគ្នា និងក្នុងគ្រោះថ្នាក់តាមដងផ្លូវដូចគ្នា។ បើតាមសមត្ថកិច្ច លោក ទេស សម្បត្តិ ពុំបានបុកជាមួយម៉ូតូ ឬរថយន្តអ្នកផ្សេងឡើយ គឺលោកបានជិះម៉ូតូធ្លាក់ចូលទឹកបឹងខ្លួនឯង នៅម៉ោង១០កន្លះយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។ ចំណែក លោក Ruthko ក៏ជិះម៉ូតូដែរ ដោយបានបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តមួយគ្រឿង កាលពីយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

លោក ទេស សម្បត្តិ ជាកីឡាករខ្សែបម្រើការពារប្រចាំក្លិបបាល់ទាត់វិសាខា និងជាអតីតកីឡាករជម្រើសជាតិកម្ពុជា។ កីឡាកររូបនេះ ជាអតីតយុវជនថ្នាលដែលទទួលបានការបណ្ដុះបណ្ដាលផ្ទាល់ពីសាលាបាល់ទាត់ជាតិបាទី ចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨ និងបានចូលរួមការប្រកួតជាច្រើនជាមួយក្រុមជម្រើសជាតិកម្ពុជា។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាត់ទុកការបាត់បង់កីឡាករ ទេស សម្បត្តិ ថាជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា។