អភិបាលខេត្តប៉ៃលិន សំណេះសំណាលជាមួយបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ

SOK VECHHAY
1 Min Read

ប៉ៃលិន៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់​ជាមួយបង​ប្អូនពលករ​ខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន ២៦០នាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្រោមការ​យកចិត្តទុកដាក់យ៉ាងកក់ក្ដៅ​ពីសំណាក់អាជ្ញាធរ​ខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋ​ ដែលត្រឡប់មក​ពីប្រទេសថៃ ក្នុងគ្រាដែលមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជារបស់យើង ហើយសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ​គ្រប់កាលទេសៈ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលដោយមិនបាន​ដឹង និងមិនបានដោះស្រាយនោះឡើយ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍អំពាវនាវដល់បងប្អូនពលករ ដែលទើបត្រឡប់មក​ពីប្រទេស​ថៃវិញ សូមបន្ដស្នាក់នៅ នឹងធ្វើការនៅក្នុងប្រទេសរបស់យើង​ ព្រោះបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង ក៏មានតម្រូវការ​បុគ្គលិក​​ធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា+ថៃ មិនទាន់ដោះស្រាយរួចរាល់ ការដែលបងប្អូនចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ​ និងអាចជួប​បញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃមួយក្ដាប់តូច ដូច្នេះហើយត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសយើង ប្រើប្រាស់ផលិតផលរបស់យើង រួមគ្នាពង្រឹងខឿនការពារជាតិ និងខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍រំលឹកថា៖ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយ​បច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការ​សម្រួល​ជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាម​លទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។

បើតាមរបាយការណ៍របស់លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិន បានឱ្យដឹងថា៖ គិតមកដល់ដើមខែកញ្ញា ឆ្នាំ២០២៥នេះ នៅខេត្តប៉ៃលិន មានពលករត្រឡប់មកពីប្រទេសថៃ មានចំនួន ១៥០២នាក់ និងជួយរកការងារធ្វើ បាន ចំនួន ៧៥៩នាក់ ផងដែរ៕

Share This Article