ថៃស្នើសុំអោយប្រធានាធិបតីបារាំងគាំទ្រដល់ការចរចាទ្វេភាគីកម្ពុជា-ថៃស្តីពីបញ្ហាព្រំដែន

Vuthy Yous
1 Min Read

រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ថែថងថាន ឈិនៈវ័ត បានពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង តាមរយៈការហៅទូរសព្ទ ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី។ កាសែតថៃ The Nation បានធ្វើការចុះផ្សាយដោយកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ។

បើតាមការអោយដឹងពីអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លោក ជីរ៉ាយុ ហួងសាប់ (Jirayu Huangsab) បានបញ្ជាក់កាលពីរសៀលថ្ងៃសុក្រ នេះថា លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន បានពិភាក្សាតាមទូរសព្ទជាមួយលោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ដោយមេដឹកនាំប្រទេសទាំង២ បានសម្ដែងនូវភាពរីករាយក្នុងកិច្ចសន្ទនាផ្លូវការលើកដំបូងជាមួយគ្នា ចាប់តាំងពីលោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន ចូលកាន់តំណែង។ លោកស្រី ថែថងថាន បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កម្រិតទំនាក់ទំនងថៃ-បារាំងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងស្វាគមន៍ការរំពឹងទុករបស់ប្រធានាធិបតី ម៉ាក្រុង ទៅបំពេញទស្សនកិច្ចនៅរាជធានីបាងកកជាផ្លូវការនៅឆ្នាំក្រោយ ចំពេលមានកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) នៅកម្ពុជា។ លើសពីនេះ ប្រធានាធិបតី​បារាំង​ក៏បាន​អញ្ជើញ​លោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ជា​ផ្លូវការ និង​ចូលរួម​វេទិកា​សន្តិភាពរាជធានី​ប៉ារីស​ផងដែរ​។

ក្រៅពីនេះ មេដឹកនាំទាំង២ បានឯកភាពគ្នាថា ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះកាន់តែមិនប្រាកដប្រជា ខណៈមេដឹកនាំទាំង២ ក៏បានអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូផ្អែកលើបទប្បញ្ញត្តិអន្តរជាតិ។ មេដឹកនាំបារាំង-ថៃ ក៏បានផ្លាស់ប្ដូរទស្សនៈស្តីពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក ខណៈ​ថៃ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​ថ្មី​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​មហាអំណាច​ ដែល​គាំទ្រ​ដល់​សណ្តាប់ធ្នាប់​ពិភពលោក​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ។

ក្នុង​បរិបទ​អាស៊ាន លោកស្រី ផែថងថាន បាន​សង្កត់ធ្ងន់​លើ​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេសបញ្ហាការបោកប្រាស់តាមអនឡាញ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាដើម។ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកស្រីនាយករដ្ឋមន្ត្រីថៃរូបនេះបានរំលឹកឡើងវិញថា ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយដោយសន្តិវិធី ស្មោះត្រង់ និងឈរលើមិត្តភាពដ៏រឹងមាំរវាងប្រទេសជិតខាង ក្នុងការឯកភាពអាស៊ាន និងច្បាប់អន្តរជាតិ។ លោកស្រីនាយករដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា ការចរចាទ្វេភាគី គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពនឹងល្អបំផុតក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ប្រទេសថៃនៅតែបន្តគាំទ្រការងាររបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដដែល។ មេដឹកនាំថៃរូបនេះប្រហែលជាចង់ទាញអោយប្រទេសបារាំង លូកដៃចូលក្នុងរឿងវិវាទព្រំដែន តាមរយៈការគាំទ្របរិយាកាសនៃកិច្ចចរចាទ្វេភាគីរវាងកម្ពុជា-ថៃ។ ភាគីថៃបានប្រកាសក្តែងៗប្រាប់ពិភពលោក ថាខ្លួនពិតជាចង់បញ្ចប់បវិវាទព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីបែបនេះគឺ ប្រៀបបានទៅនឹង«សត្វរៃស្រែកយំនារដូវប្រាំង» ព្រោះប្រទេសក្បែងខាងកម្ពុជាមួយនេះមិនបានគោរព និងទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ម្តងណាមួយនោះទេ ៕

Share This Article