សង្គ្រាមពន្ធគយ និងពាណិជ្ជកម្ម បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក

Vuthy Yous
12 Min Read

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ភាសាចិន៖ 习近平) បានលើកឡើងនៅថ្ងៃពុធទី២៣ ខែមេសានេះថា សង្គ្រាមពន្ធដារ និងពាណិជ្ជកម្មធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។

លោក ស៊ី បានកត់សម្គាល់ខាងលើនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) ក្នុងរដ្ឋធានីប៉េកាំង ខណៈលោកអះអាងថា ចិនមានឆន្ទៈក្នុងការធ្វើការជាមួយអាស៊ែបៃហ្សង់ ដើម្បីការពារប្រព័ន្ធអន្តរជាតិ និងអនុវត្តកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខយ៉ាងស៊ីជម្រៅ។ សារព័ត៌មានចិនស៊ីនហួរចុះផ្សាយថា៖«ចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយភាគីអាស៊ែបៃហ្សង់ ដើម្បីលើកកម្ពស់ប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិ ជាស្នូល និងការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ»។ មេដឹកនាំទាំងពីរបានប្រកាសពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ែបៃហ្សង់។

ជាមួយគ្នានោះ ក៏មានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន២០ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់ប្រទេសចិន លើវិស័យនានា រួមទាំងផ្នែកច្បាប់ ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល កម្មសិទ្ធិបញ្ញា និងលម្ហអាកាស។ អាស៊ែបៃហ្សង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ គាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយលោក ស៊ី ជាមធ្យោបាយមួយដើម្បីពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាយក្សចិន តាមរយៈការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសកល។ លោក អាលីយ៉េវ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន​ ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៤ ខែ​មេសា៕

Share This Article