រាជធានីភ្នំពេញ ៖ កម្ពុជារកចំណូលបានជាង ៧៣៩ លានដុល្លារ ត្រឹមក្នុងរយៈពេល ៥ ខែដំបូងក្នុង ឆ្នាំ ២០២៥ ពីការនាំ ចេញ គ្រាប់ស្វាយចន្ទីស្រស់ កើនឡើង ៥៨,៧៣% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០២៤។ បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីកើនឡើងជិត ៦% ដែលមានចំនួន ៥៧១ ២៨២ តោន ។ នេះ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម តូច ប៊ុនហួរ បានមានប្រសាសន៍ថា៖ «ឆ្នាំនេះ គ្រាប់ស្វាយចន្ទី សើម មានតម្លៃរហូត ៦៥០០រៀល នៅដើមរដូវ ហើយ បច្ចុប្បន្ននេះ តាមតំបន់នីមួយៗ មានតម្លៃចន្លោះពី ៤៨០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម គិតតាម គុណភាពគ្រាប់ នេះបើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺ គ្រាប់ស្វាយចន្ទី ក្នុងឆ្នាំ ២០២៥ នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ»។


ឯកឧត្តមបានបន្ថែមទៀតថា តាមការវាយតម្លៃនៅ តាមតំបន់ មួយចំនួន មានភ្លៀងធ្លាក់ច្រើនធ្វើឱ្យទិន្នផលអាចថយចុះ ហើយនៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង។

កាលពីឆ្នាំ ២០២៤ កន្លងទៅកម្ពុជា បានសម្រេចការប្រមូលទិន្នផលគ្រាប់ ស្វាយចន្ទី ចំនួន ៨៥ ម៉ឺនតោន។ ចំពោះការនាំចេញ គ្រាប់ឆៅ ចំនួន ៨១ម៉ឺន ៥ពាន់តោន កើនឡើង ២១% គិត ជា ទឹក ប្រាក់១ពាន់ ១៥០ លាន ដុល្លារ កើន ២៦,១៥%។ ការនាំចេញ ទៅកាន់ប្រទេស វៀតណាម បានចំនួន ៧៩ ម៉ឺន ៥ ពាន់ តោន។ យោងតាមការអោយដឹងពីសមាគមស្វាយចន្ទីកម្ពុជា។

យោងតាមក្រសួងកសិកម្ម បានអោយដឹងងដែរថា ប្រទេសកម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួន ៥៨០ ១១៧ ហិកតា ។ ក្នុងនោះមានខេត្ត ចំនួ៣ របស់កម្ពុជា មានផ្ទៃដី ដាំដុះ ស្វាយចន្ទី ច្រើនជាងគេ រួមាន ខេត្តកំពង់ធំ ១៤៧ ៧០៣ ហិកតា ខេត្តក្រចេះ ១០២ ៥២០ ហិកតា និងខេត្តរតនគិរីចំនួន ៩៧ ២៥៨ ហិកតា៕


