ពលរដ្ឋចំនួន ២២៩ គ្រួសារទទួលបានដី និង ១៧១គ្រួសារទទួលបានទាំងដីកសិកម្ម និងផ្ទះពីកម្មវិធីសម្បទានដីសង្គមកិច្ចគម្រោង LASED III

SOTH
1 Min Read

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ២២៩គ្រួសារទទួលបានដី និង ១៧១គ្រួសារទៀតទទួលបានទាំងលំនៅឋាន និងដីកសិកម្ម​ពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) ដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅថ្ងៃទី០៤ ខែកញ្ញានេះ បានដឹកនាំក្រុមការងារចូលរួមពិធីចាប់​ឆ្នោតជ្រើសរើសយកដីឡូតិ៍ លំនៅឋាន និងដីឡូត៍កសិកម្មនៃកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោង LASED III ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

កម្មវិធីចាប់ឆ្នោតនេះ សម្របសម្រួលដោយលោក សូខន ឬទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការដឹកនាំគម្រោង ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ ក្រុមការងារខេត្តបន្ទាយមានជ័យ ដៃគូអភិវឌ្ឍ អង្គភាព និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋសម្បទានិក។

លោក ហ៊ាន វណ្ណហន បានគូសបញ្ជាក់ថា ការចាប់ឆ្នោតផ្ដល់ដីសង្គមកិច្ចជូនសម្បទានិកសរុបចំនួន ២២៩ គ្រួសារ ក្នុងនោះគ្រួសារទទួលបានលំនៅឋានបូកនិងកសិកម្មមានចំនួន១៧១គ្រួសារ ដីកសិកម្មសុទ្ធទំហំ ១.៥ ហិកតាក្នុង១ឡូតិ៍ចំនួន ២៥គ្រួសារ និងដីកសិកម្មសុទ្ធទំហំ ០១ ហិកតាក្នុង១ឡូតិ៍ចំនួន ៣៣ គ្រួសារ។

បន្ថែមពីនេះទៀត គម្រោងនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍រួមមាន: ផ្លូវបេតុងប្រវែង ០,៨០ គ.ម និងផ្លូវក្រួសក្រហមប្រវែង ១២ គ.ម មណ្ឌលសហគមន៍ ១កន្លែង (ទំហំ ៧ម. x ១៥ម.) អាងស្តុកទឹកធ្វើពីកង់លូបេតុង ១កន្លែង អណ្តូងទឹកប្រើម៉ូទ័របូម និងរបងជុំវិញផ្សារសហគមន៍ ១កន្លែង (ទំហំ ២៤ ម x ៣៤ ម) អាងស្តុកទឹកធ្វើពីកង់លូបេតុង ១កន្លែង អណ្តូងទឹកប្រើម៉ូទ័របូម បំពាក់អំពូលសូឡាចំនួន ៥០ អណ្តូងខ្នងមានស្នប់ អាហ្វ្រីដែស២០ កន្លែង៕

Share This Article