ជប៉ុន បាញ់សាកល្បងមីស៊ីលជាលើកដំបូងនៅលើទឹកដីខ្លួន សម្ញែងសាច់ដុំដាក់មហាយក្សចិន

Vuthy Yous
0 Min Read

រាជធានីតូក្យូ៖ យោធាជប៉ុន បានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលលើទឹកដីខ្លួនជាលើកដំបូង កាលពីថ្ងៃទី២៤មិថុនាកន្លងទៅ ខណៈប្រទេសនេះពន្លឿនការពង្រឹងសាច់ដុំយោធារ ដើម្បីឆ្លើយតបនឹងកំណើនឥទ្ធិពលចិន…។


មីស៊ីលរយៈចម្ងាយខ្លីប្រភេទ Type ៨៨ ត្រូវបានសាកល្បងនៅទីតាំងសាកល្បង Shizunai Anti-Air Firing Range នៅលើកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន។ កងពលតូចកាំភ្លើងធំទី១ របស់កងកម្លាំងការពារដីគោក បានប្រើមីស៊ីលហ្វឹកហ្វឺន ដើម្បីកំណត់គោលដៅលើទូកដែលគ្មាននាវិកប្រហែល៤០គីឡូម៉ែត្រពីឆ្នេរសមុទ្ទភាគខាងត្បូងរបស់កោះ។ កន្លងមក ជប៉ុនធ្វើការបាញ់សាកល្បងមីស៊ីលនៅសហរដ្ឋអាម៉េរិក និងអូស្ត្រាលី ដោយសារតែការដាក់កំហិតលើលំហអាកាស និងការព្រួយបារម្ភអំពីសុវត្ថិភាព។ យោធាបានឱ្យដឹងថា ពួកគេមានគម្រោងធ្វើតេស្តម្ដងទៀតរហូតដល់ថ្ងៃអាទិត្យ។

ការសាកល្បងមីស៊ីលក្នុងស្រុកជាលើកដំបូងនេះ បានគូសបញ្ជាក់ពីជំហានដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងខ្លួនឱ្យមានយោធាដ៏ខ្លាំងក្លា ដើម្បីរារាំងសកម្មភាពដ៏គឃ្លើនរបស់កងទ័ពជើងទឹកចិន ដែលបង្កើនការអះអាងនៅក្នុងសមុទ្ទក្នុងតំបន់ជម្លោះ។ យ៉ាងណា ក្រុមអ្នកតវ៉ាបានអះអាងថា ការធ្វើតេស្តនេះ នឹងបង្កើនភាពតានតឹងនៅក្នុងតំបន់អាស៊ី និងធ្វើឱ្យមានហានិភ័យដល់ការជាប់ពាក់ព័ន្ធរបស់ប្រទេសជប៉ុន នៅក្នុងជម្លោះដែលអាចកើតមាន។


ជប៉ុនក៏មានការព្រួយបារម្ភអំពីការបង្កើនសមយុទ្ធយោធារួមរវាងយក្សកុម្មុយនីស្ដចិន និងរុស្ស៊ី។ អតីតបងធំសម័យសង្គ្រាមលោកលើកទី២ ក៏កំពុងធ្វើការលើការអភិវឌ្ឍមីស៊ីលតម្រង់ទិសរយៈចម្ងាយឆ្ងាយ អភិវឌ្ឍមីស៊ីលបាញ់នាវា Type ១២ និងការសាងសង់កន្លែងបាញ់មីស៊ីលនៅលើកោះ Minamitorishima ជាកន្លែងដែលនាវាផ្ទុកយន្តហោះរបស់ចិនចំនួនពីរ ត្រូវបានគេឃើញធ្វើប្រតិបត្តិការរួមគ្នា ជាលើកដំបូងកាលពីដើមខែនេះ៕

Share This Article