ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦៖ តំណាងភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារ ប៉ុន្ដែតំណាងភាគីនិយោជកស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារដដែល

Vuthy Yous
0 Min Read

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ដែលដឹកនាំដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី៣ ខែកញ្ញានេះ នៅទីស្តីការក្រសួងការងារ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ២លើក កិច្ចប្រជុំទ្វេភាគីចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិតចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជកចំនួន ៣លើក។

ក្រសួងបន្តថា ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

ជាលទ្ធផល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសថា តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក។អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥៕

Share This Article