រុមហ៊ុន​ មួយ របស់ថៃនឹងទទួលទិញដំឡូង​មី​ ៣០ ម៉ឺនតោន និងពោតក្រហម ១០ ម៉ឺនតោន​ក្នុងមួយឆ្នាំពីកម្ពុជា

admin
1 Min Read

រាជធានីភ្នំពេញ​៖​ ក្រុមហ៊ុន​ Koson Group របស់ថៃនឹងទទួលទិញដំឡូង​មី​ ៣០ ម៉ឺនតោន និងពោតក្រហម ១០ ម៉ឺនតោនពីកម្ពុជា​ក្នុងមួយឆ្នាំ ដែលនឹងចូលរួមចំណែកដល់ការពង្រឹងនូវលំនឹងទីផ្សារនៃផលិតផលកសិម្មមួយនេះនារដូវប្រមូលផលម្តងៗ។

ការសន្យានេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការទិញ-លក់ផលិតផលដំឡូង​មី និង​ពោត​ក្រហម រវាងក្រុមហ៊ុន Koson Group និង សហព័ន្ធដំឡូងមីកម្ពុជាក្នុងដំណើរ​​បេសកម្មរបស់ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹក​នាំប្រតិភូ សហព័ន្ធដំឡូងមីកម្ពុជា ​ចូលរួមក្នុងជំនួបជាមួយ​សភា​ឧស្សាកម្មថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា ប្រទេសថៃទទួលទិញដំឡូងមីពីកម្ពុជា មិនមែនតែ ៣០ ម៉ឺនតោននោះទេ ពោលគឺខ្ទង់លានតោនក្នុងមួយឆ្នាំ ខណៈការសន្យានេះ គ្រាន់តែជាការបង្ហាញការដោះដូរសេដ្ឋកិច្ចថាថៃបានទិញពីកម្ពុជា ខណៈភាគីថៃបានទិញពីកម្ពុជារាល់ថ្ងៃហើយ ដែលមានយ៉ាងតិចប្រមាណ ១០០ ឡាន ក្នុងមួយថ្ងៃនៅផ្លូវអន្លង់វែង។

បច្ចុប្បន្ន តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យលក់បាន ១៤០ រៀល ក្នុងមួយគីឡូក្រាម ដែល​ជា​​តម្លៃមួយមិនអាចធ្វើអោយកសិករចំណេញ។

លោក អិល ឈិញ បញ្ជាក់ថា បច្ចុប្បន្ន មានឡាន និងក្រុមប្រមូលទិញដំឡូងមីស្ងួត ដែល​បាន​តម្លៃ​​គួសម ពោលគឺភាគច្រើនកសិករឆ្នាំនេះ ធ្វើស្ងួត ហើយបើមិនធ្វើ​ស្ងួតមិន​ចំណេញទេ ព្រោះ​ដំឡូង​មីស្ងួតឥឡូវយើងបានថ្លៃជាង ៤០០ រៀល ក្នុងមួយគីឡូក្រាម តាមតំបន់ ហើយអ្នក​ប្រ​កាស​​​ទិញនៅកំពង់សោម តម្លៃ ៦៦០ រៀលក្នុងមួយគីឡូក្រាម ចំណែកនៅតាមលាន ៤៨០ រៀល ទៅ ៥២០។

យោងតាមសហព័ន្ធដំឡូងមីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែ​ច្នៃក្នុង​ស្រុក ៥% ដែលបានរួម​ចំណែក​ប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។

កម្ពុជាជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុំដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតា ទៅ ៨០ ម៉ឺន ហិកតា៕

TAGGED:
Share This Article