រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមបាតុកររាប់ពាន់នាក់បា នប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតនៅទូទាំងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩មេសា ដើម្បីសម្ដែងការប្រឆាំង ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីការនិរទេស, ការបណ្តេញបុគ្គលិករដ្ឋាភិបាល, សង្រ្គាមនៅហ្គាហ្សា និងអ៊ុយក្រែន…។

នៅខាងក្រៅសេតវិមាន ក្រុមអ្នកតវ៉ាបានកាន់បដាទាមទារឱ្យប្រគល់អំណាចដល់បុគ្គលិក និងបញ្ឈប់ការបំពាក់អាវុធដល់អ៊ីស្រាអែលជាដើម។ បាតុករខ្លះបានស្រែកគាំទ្រជនចំណាកស្រុកដែលរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ បាននិរទេស ឬកំពុងព្យាយាមនិរទេស ខណៈពួកគេបានបង្ហាញពីសាមគ្គីភាពជាមួយបុគ្គលដែលបណ្តេញចេញពីរដ្ឋាភិបាលសហព័ន្ធ និងជាមួយសាកលវិទ្យាល័យដែលរងការគំរាមដកមូលនិធិ។ បាតុករផ្សេងទៀត បានគ្រវីទង់ជាតិប៉ាឡេស្ទីនដោយទាមទារឱ្យដោះលែងប៉ាឡេស្ទីន និងបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

បាតុករខ្លះ បានកាន់និមិត្តសញ្ញាបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន និងជំរុញឱ្យរដ្ឋធានីវ៉ាស៊ីនតោនសម្រេចចិត្តប្រឆាំងនឹងសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន
ចាប់តាំងពីការឡើងកាន់តំណែងនៅខែមករា លោកត្រាំ និងសម្ព័ន្ធមិត្តរបស់គាត់គឺលោក អ៊ីឡុន ម៉ាស (Elon Reeve Musk) បានធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធបណ្តេញកម្មករជាង២សែននាក់ និងប៉ុនប៉ងរុះរើទីភ្នាក់ងារផ្សេងៗ។ រដ្ឋបាលក៏បានឃុំខ្លួននិស្សិតបរទេសជាច្រើននាក់ និងបានគំរាមបញ្ឈប់ការផ្ដល់មូលនិធិសហព័ន្ធដល់សាកលវិទ្យាល័យនានា ជុំវិញកម្មវិធីរួមបញ្ចូលសមធម៌ គំនិតផ្តួចផ្តើមអាកាសធាតុ និងការតវ៉ាគាំទ្រប៉ាឡេស្ទីន។ ក្រុមសិទ្ធិមនុស្ស បានថ្កោលទោសគោលនយោបាយនេះ។ បាតុកម្មក៏ត្រូវបានធ្វើឡើងនៅទីក្រុងញូវយ៉ក និងទីក្រុងឈីកាហ្គោ ក្នុងចំណោមទីតាំងរាប់សិបកន្លែងផ្សេងទៀត។ វាជាលើកទីពីរនៃបាតុកម្មទូទាំងប្រទេស ចាប់តាំងពីលោកត្រាំចូលកាន់តំណែង៕
