រាជធានីភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ទុកទុរេនរបស់កម្ពុជា ជាទុរេនដែលឆ្ងាញ់ជាងគេនៅលើពិភពលោក។ សំដីរបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាចំណែកមួយនៃការជួយផ្សព្វផ្សាយផលិតផលកម្ពុជា ទៅកាន់ពិភពលោក…។

លោក វ៉ាង វិនពីន បានលាន់មាត់ដូច្នេះ បន្ទាប់ពីលោកបានទៅភ្លក្សរសជាតិទុរេនធម្មជាតិ ពូជ «ឪខាក់» របស់ខេត្តកំពត ប្រទេសកម្ពុជា។ កាលពីថ្ងៃទី១០ឧសភា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះរូបភាព៤សន្លឹកអមជាមួយសំណេរដូច្នេះថា៖«ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនឪខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ ជឿជាក់ថា ទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិន នាពេលអនាគត»។ សាធារណជន និងប្រជាពលរដ្ឋជាច្រើន បានបង្ហាញក្ដីរីករាយ និងអរគុណដល់លោកឯងអគ្គរដ្ឋទូតចិន ដែលទទួលស្គាល់ពីរសជាតិ និងគុណភាពពិតនៃផលិតផលកសិផលរបស់ប្រទេសកម្ពុជា ហើយគេសង្ឃឹមថា ទុរេន និងផលិតផលជាច្រើនទៀតរបស់កម្ពុជា នឹងត្រូវបាននាំចេញទៅទីផ្សារប្រទេសចិនជាបន្តបន្ទាប់។

គេនៅចាំបានថា កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ពោលគឺក្នុងកំលុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនមកកម្ពុជា កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារពិធីសារចំនួន៣ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន៣មុខរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែល១ក្នុងចំណោមនោះ ក៏មានផ្លែទុរេនស្រស់ផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងខែមេសាកន្លងទៅ ក៏បានចាប់ផ្ដើមទទួលចុះឈ្មោះចម្ការទុរេន និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដើម្បីក្រសួងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រទៅកាន់ភាគីចិន ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។ ក្រសួងរំពឹងថា កម្ពុជានឹងអាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន នៅក្នុងឆ្នាំ២០២៥នេះ៕

