រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Koson Group របស់ថៃនឹងទទួលទិញដំឡូងមី ៣០ ម៉ឺនតោន និងពោតក្រហម ១០ ម៉ឺនតោនពីកម្ពុជាក្នុងមួយឆ្នាំ ដែលនឹងចូលរួមចំណែកដល់ការពង្រឹងនូវលំនឹងទីផ្សារនៃផលិតផលកសិម្មមួយនេះនារដូវប្រមូលផលម្តងៗ។

ការសន្យានេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការទិញ-លក់ផលិតផលដំឡូងមី និងពោតក្រហម រវាងក្រុមហ៊ុន Koson Group និង សហព័ន្ធដំឡូងមីកម្ពុជាក្នុងដំណើរបេសកម្មរបស់ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំប្រតិភូ សហព័ន្ធដំឡូងមីកម្ពុជា ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា ប្រទេសថៃទទួលទិញដំឡូងមីពីកម្ពុជា មិនមែនតែ ៣០ ម៉ឺនតោននោះទេ ពោលគឺខ្ទង់លានតោនក្នុងមួយឆ្នាំ ខណៈការសន្យានេះ គ្រាន់តែជាការបង្ហាញការដោះដូរសេដ្ឋកិច្ចថាថៃបានទិញពីកម្ពុជា ខណៈភាគីថៃបានទិញពីកម្ពុជារាល់ថ្ងៃហើយ ដែលមានយ៉ាងតិចប្រមាណ ១០០ ឡាន ក្នុងមួយថ្ងៃនៅផ្លូវអន្លង់វែង។
បច្ចុប្បន្ន តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យលក់បាន ១៤០ រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយមិនអាចធ្វើអោយកសិករចំណេញ។
លោក អិល ឈិញ បញ្ជាក់ថា បច្ចុប្បន្ន មានឡាន និងក្រុមប្រមូលទិញដំឡូងមីស្ងួត ដែលបានតម្លៃគួសម ពោលគឺភាគច្រើនកសិករឆ្នាំនេះ ធ្វើស្ងួត ហើយបើមិនធ្វើស្ងួតមិនចំណេញទេ ព្រោះដំឡូងមីស្ងួតឥឡូវយើងបានថ្លៃជាង ៤០០ រៀល ក្នុងមួយគីឡូក្រាម តាមតំបន់ ហើយអ្នកប្រកាសទិញនៅកំពង់សោម តម្លៃ ៦៦០ រៀលក្នុងមួយគីឡូក្រាម ចំណែកនៅតាមលាន ៤៨០ រៀល ទៅ ៥២០។
យោងតាមសហព័ន្ធដំឡូងមីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០ ម៉ឺនហិកតា ទៅ ៨០ ម៉ឺន ហិកតា៕