ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃចន្ទទី៧ ខែមេសានេះ បានរៀបចំកម្មវិធីប្រណាំងរទេះសាឡី គោលឿន ដោយជ្រើសរើសបានគោសរុបប្រមាណជិត៧០នឹម មកចូលរួមការប្រកួត នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពង់ស្ពឺ…។

កម្មវិធីប្រណាំងរទេះសាឡី គោលឿន ត្រូវបានរៀបចំឡើងក្រោមការចូលរួមពី លោក សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា កម្មវិធីប្រណាំងរទេះសាឡី គោលឿនឆ្នាំ២០២៥ មានបេក្ខជនយកគោចំនួន៦៧នឹម មកចូលរួមប្រកួត ដោយមានគោធំចំនួន៤៤នឹម និងគោតូចចំនួន២៣នឹម។

រដ្ឋបាលខេត្តបញ្ជាក់ថា កម្មវិធីខាងលើគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ដើម្បីចូលរួមអភិរក្ស និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ ថ្លែងក្នុងកម្មវិធីខាងលើ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ហើយលោកសង្ឃឹមថាព្រឹត្តិការណ៍នេះ នឹងអាចឈានដល់កម្រិតថ្នាក់ជាតិផងដែរ។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា៖«នៅឆ្នាំក្រោយៗទៀត នឹងមានការរៀបចំឱ្យល្អប្រសើរជាងនេះ ទាំងទីលានប្រកួត ការចូលរួមរបស់បេក្ខជន ក៏ដូចជាប្រាក់រង្វាន់ផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលទស្សនាផងដែរ»។ គួរបញ្ជាក់ថា កម្មវិធីប្រណាំងរទេះសាឡី គោលឿន ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំឡើងអស់រយៈពេលប្រមាណ១១ឆ្នាំមកហើយ បើគិតមកដល់ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ កើតឡើងចេញពីគំនិតផ្ដួចផ្ដើមរបស់ពលរដ្ឋខេត្តកំពង់ស្ពឺតែម្ដង។ នេះបើតាមរដ្ឋបាលខេត្ត៕