ក្រុងសៀមរាប៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ ត្រូវជាថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាបមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ចូលមកលេងកម្សាន្តចំនួនប្រមាណ៧៩៤ ៥៣០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន៤៥៣៧នាក់ នាំឱ្យភ្ញៀវសរុបទាំងជាតិ និងអន្តរជាតិ មានចំនួន៧៩៩ ០៦៧នាក់…។

ក្នុងចំណោមភ្ញៀវទេសចរខាងលើ មានអ្នកទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ, សួនច្បារព្រះរាជដំណាក់, តំបន់មាត់ស្ទឹង, និងតំបន់ផាប់ស្ត្រីត ចំនួនប្រមាណ៧៦០ ០០០នាក់, តំបន់ភ្នំគូលែន ចំនួនប្រមាណ៤ ៥០០នាក់, តំបន់បឹងទន្លេសាប ចំនួនប្រមាណ៦ ៥០០នាក់, បារាយណ៍ទឹកថ្លា ចំនួនប្រមាណ៤ ០០០នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ ចំនួនប្រមាណ១៥ ០០០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥មេសានេះ។

គួរជម្រាបថា អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ បាននិងកំពុងលើកយកកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ដោយរំពឹងនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកពីគ្រប់ទិសទី ចូលរួមទស្សនា និងលេងកម្សាន្តដោយភាពសប្បាយរីករាយ៕

