នាយករដ្ឋមន្ត្រីកម្ពុជា និងថៃឯកភាពជំរុញសន្តិសុខនិងដោះស្រាយបញ្ហានានានៅតាមតំបន់ព្រំដែន

Vuthy Yous
0 Min Read

រាជធានីភ្នំពេញ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក្នុងដំណើ​រទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ថ្នា​ក់ដឹកនាំនៃប្រទេសកម្ពុជា-ថៃ បានឯកភាពគ្នានៅក្នុងការផ្ដល់កិច្ចសហការបន្ថែម​ដែលមាន​ស្រាប់រួម​​មាន ​​ការ​ចែ​​ករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការឆបោកតាមបច្ចេកវិទ្យា ការផ្ស​ព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការក​សាង​ព្រំ​ដែនមួយប្រកបដោយសន្ដិភាព ស្ថិរភាព ដោយភាគីទាំងពីរ បានឯកភា​ពគ្នាពង្រឹងកិច្ច​សហប្រ​តិបត្តិកា​រ​កង​ទ័ពពិសេសនៅតាមព្រំដែន។ កម្ពុជាក៏បានថ្លែងអំណរគុណនូវគោលនយោបាយរបស់ថៃ ដោយមិ​នអនុ​​ញ្ញាតឱ្យ​ជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពប​ង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយកម្ពុជាក៏អនុវត្តគោលការណ៍នេះដូចគ្នា។

ចំណែកនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពពង្រឹងភាពជាដៃគូរផ្នែកសន្តិសុខ ដោយជំរុញកិច្ចសហប្រតិបត្តិការវិស័យយោធានៅគ្រប់កម្រិតដើម្បីរក្សាសន្តិភាពនៅតាមព្រំដែនរួម។ ក្នុងន័យនេះលោកស្រី បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់កិច្ចសហការល្អក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានអះអាងពីការបន្តសហការគ្នាដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឱ្យអស់ពីតំបន់ព្រំដែនកម្ពុជា-ថៃផងដែរ។

ពាក់ព័ន្ធការអភិវឌ្ឍតាមព្រំដែន ភាគីទាំងពីរនឹងពន្លឿនការដោះមីននៅតាមព្រំដែន និងជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន ដោយនឹងបញ្ចប់ឱ្យបានលឿននូវកិច្ចព្រមព្រៀងដឹកជញ្ជូនទ្វេរភាគីដើម្បីអនុញ្ញាតឱ្យយានយន្តឯកជនរបស់ពលរដ្ឋនៃប្រទេសទាំងពីរឆ្លងព្រំដែន។ នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន រំពឹងថា ពាណិជ្ជកម្មទ្វេរភាគីនៃប្រទេសទាំងពីរនឹងកើនឡើងពី១០ប៊ីលានដុល្លាអាមេរិកដល់១៥ប៊ីលានដុល្លាអាមេរិកនៅឆ្នាំ២០២៧។

គួរឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីថៃលោកស្រីផែថងថាន ស៊ីណាវ៉ាត្រ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ ចំពេលប្រទេស​ទាំងពីរកំពុងប្រារព្ធ​ខួបលើកទី៧​៥នៃទំនាក់ទំនងការទូត។ ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច កម្ពុជាបានចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង និងអនុស្សរៈយោគយល់គ្នាចំនួន៧ជាមួយថៃ។ ១ក្នុ​ងចំ​​ណោ​មកិច្ចព្រមព្រៀ​ងនិងអនុស្សរៈយោ​គយល់គ្នាទាំង៧ នាយករដ្ឋមន្ត្រីថៃបានលើក​ឡើងពីកា​របំពុ​លប​រិ​យា​​កាសឆ្លងដែន និងពង្រឹងកិច្ចសហ​ការប្រឆាំងនឹងការ​បំពុលPM2.5​តាមរយៈការផ្លាស់ប្តូរ​ព័ត៌មាននិ​ង​ការកសាងសមត្ថភាព៕

Share This Article