តៃវ៉ាន់អះអាងថា អាចចរចាជាមួយអាម៉េរិកគ្រប់ពេលវេលាលើពន្ធគយ

admin
13 Min Read

ក្រុងតៃប៉ិ៖ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក លីន ឈាឡុង (林佳龍) បានអះអាងនៅថ្ងៃអង្គារទី៨ ខែមេសានេះថា តៃវ៉ាន់អាចមានកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិកនៅពេលណាក៏បាន លើបញ្ហាពន្ធគយនេះ ខណៈទីផ្សារភាគហ៊ុនរបស់កោះនេះបានដាំក្បាលចុះ ដោយសារការភ័យខ្លាចនៃវិបត្តិពាណិជ្ជកម្ម។


ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅសភាតៃវ៉ាន់ លោក លីន បានលើកឡើងថា តៃវ៉ាន់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកចរចាអំពីបញ្ហាជាច្រើនជាមួយសហរដ្ឋអាម៉េរិក រួមទាំងការវិនិយោគ និងការទិញទំនិញពីប្រទេស និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយជាដើម។ រដ្ឋមន្រ្តីការបរទេសរូបនេះបានបន្ថែមថា៖«ល្កឹកណាមានពេលវេលា និងវិធីសាស្ដ្រដែលបានបញ្ជាក់សម្រាប់ការចរចាសមស្រប ពួកគេអាចពិភាក្សានៅពេលណាក៏បានជាមួយសហរដ្ឋអាម៉េរិក»។


ជាមួយគ្នា នាយករដ្ឋមន្ត្រីកោះនេះ លោក ឆូ ជុងតៃ (卓榮泰) បានថ្លែងថា តៃវ៉ាន់ពិតជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដែលកំពុងស្វែងរកកិច្ចពិភាក្សា ហើយរដ្ឋាភិបាលកោះនេះ នឹងជ្រើសរើសពេលវេលាសមស្របមួយ ដើម្បីបង្ហាញផែនការរបស់មេដឹកនាំទៅកាន់សហរដ្ឋអាម៉េរិក។ ជាក់ស្តែង លោក ឆូ បានបន្ថែមថា៖«យើងពិតជាមានផែនការដ៏ល្អមួយ យើងមានមូលធនមនុស្សដ៏ជំនាញ ហើយយើងនឹងអាចទៅរួច ហើយមានកិច្ចចរចាវិជ្ជមាន»។


សូមរំឭកថា ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (賴清德) កាលពីថ្ងៃអាទិត្យទី៦ ខែមេសា បានស្នើកិច្ចព្រមព្រៀងគ្មានពន្ធគយជាមួយសហរដ្ឋអាម៉េរិក និងដើម្បីវិនិយោគបន្ថែមទៀតនៅក្នុងកោះនេះ និងដកចេញនូវរបាំងពាណិជ្ជកម្ម។ គួរជម្រាបថា សន្ទស្សន៍ហ៊ុនគោលរបស់តៃវ៉ាន់ បានកត់ត្រានៃការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយធ្លាក់ចុះជិត១០ភាគរយកាលពីថ្ងៃចន្ទ និងបានធ្លាក់ចុះបន្ថែមទៀតចំនួន ៤ភាគរយ នៅព្រឹកថ្ងៃអង្គារនេះ ជាកម្រិតទាបបំផុតក្នុងរយៈពេល១៤ខែ។ នៅថ្ងៃអង្គារនេះ សភាពាណិជ្ជកម្មអាម៉េរិកនៅតៃវ៉ាន់ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងលើគំនាបពន្ធគយ ហើយបានអំពាវនាវឱ្យរដ្ឋធានីវ៉ាស៊ីនតោនលើកលែងកោះតៃវ៉ាន់ពីសកម្មភាពពាណិជ្ជកម្ម និងគាំទ្រទំនាក់ទំនងអាម៉េរិក-តៃវ៉ាន់៕

Share This Article