រដ្ឋធានីសេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងវិនិយោគបន្ថែមចំនួន ៤,៩ពាន់លានដុល្លារអាម៉េរិកនៅក្នុងឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន ដោយសារតែកំណើននៃភាពមិនច្បាស់លាស់ជុំវិញពន្ធរបស់សហរដ្ឋអាម៉េរិក។
ក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ផែនការវិនិយោគសារពើពន្ធដ៏ខ្លាំងក្លាមួយត្រូវបានរៀបចំឡើងដើម្បីជួយក្រុមហ៊ុនក្នុងស្រុករុករកបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងការប្រណាំងក្នុងឧស្សាហកម្មបន្ទះឈីបពិភពលោក ដោយបន្ថែមថា កញ្ចប់ជំនួយបន្ទះឈីបរបស់ប្រទេសនឹងកើនឡើងចំនួន៤,៩ពាន់លានដុល្លារ។ កូរ៉េខាងត្បូង គឺជាប្រទេសនាំចេញដ៏សំខាន់មួយទៅកាន់សហរដ្ឋអាម៉េរិក ហើយឧស្សហកម្មបន្ទះឈីប និងរថយន្តដ៏មានឥទ្ធិពលរបស់ខ្លួននឹងរងទុក្ខយ៉ាងខ្លាំងនៅក្រោមពន្ធគយ២៥ ភាគរយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ប្រទេសកូរ៉េខាងត្បូង គឺជាជម្រករបស់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតរបស់ពិភពលោក Samsung និងអ្នកផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំធំជាងគេគឺ SK Hynix។ រដ្ឋាភិបាលគ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួនក្នុងវិស័យនេះពី១៨,២ពាន់លានដុល្លារដល់២៣,១ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីដែលដឹកនាំដោយវិស័យឯកជនប្រកបដោយថាមពលសម្រាប់ការច្នៃប្រឌិត និងកំណើននៃសារធាតុ semiconductor ។


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ឆយ សាំងម៉ុក បានឱ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងបែងចែកថវិកាចំនួន ២៣,១ពាន់លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីប ជាមួយនឹងការចំណាយសារពើពន្ធជាង៤ពាន់ពាន់លានវ៉ុន ដែលនឹងបន្តរហូតដល់ឆ្នាំ២០២៦។ កញ្ចប់នេះរួមបញ្ចូលទាំងការផ្ដល់មូលនិធិសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបណ្តាញបញ្ជូនចង្កោមបន្ទះឈីបដទៃទៀត។ ការវិនិយោគនេះ គឺជាផ្នែកមួយនៃការកែសម្រួលសំណើថវិកាបន្ថែមចំនួន៨,៤ពាន់លានដុល្លារអាម៉េរិក ដែលតម្រូវឱ្យរដ្ឋសភាអនុម័ត៕

