ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ

admin
0 Min Read

ខេត្តសៀមរាប៖ “ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត” ឆ្នាំ២០២៥ កាន់តែកៀកជិតដល់ហើយ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ យើងឃើញថាសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ នៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមបង្ហាញសម្រស់ និងមានភាពទាក់ទាញជាបណ្តើរៗហើយ។ ដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បានផ្តិតយករូបភាព នៃការរៀបចំនេះដោយក្តីសប្បាយរីករាយ។

នៅទីតាំងបរិវេណមុខប្រាសាទអង្គរវត្តនេះ មានកម្មវិធីសំខាន់ៗដូចជា កម្មវិធីភូមិខ្ញុំ កម្មវិធីភូមិត្នោត កម្មវិធីភូមិរចនា កម្មវិធីតស់ៗលេងទឹក កម្មវិធីសួនញញឹមអង្គរ និងពិព័រណ៍ខ្លែង រួមជាមួយកម្មវិធីផ្សេងៗជាច្រើនទៀត។ ហើយការរៀបចំនៅក្នុងកម្មវិធីនីមួយ! ឃើញថា ស្ទើតែរួចរាល់អស់ទៅហើយ។

ឯកឧត្តម សុខ សង្វា ប្រធានក្រុមការងារភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឱ្យដឹងថា សំណង់ និងការតុបតែនៅកម្មវិធីភូមិខ្ញុំ គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ គឺសម្រេចបានជាង ៩០% ហើយ។ ឯកឧត្តមបន្តថា នៅក្នុងកម្មវិធីភូមិខ្ញុំតែងតែបានគិតគូរៀបចំធ្វើយ៉ាងម៉េចឱ្យមានភាពទាក់ទាញ ជាពិសេសពាក់ព័ន្ធវប្បធម៌ ប្រពៃណីជាតិខ្មែរ ល្បែងប្រជាប្រិយ ដែលឆ្នាំនេះ មានក្រុមការងាររហូតដល់ទៅ ១៥០នាក់ មានន័យថា ល្បែងប្រជាប្រិយដែលនឹងលេងនៅក្នុងភូមិខ្ញុំមានការកើនឡើងជាងឆ្នាំមុនៗទៅទៀត។ជាមួយគ្នានេះ ក៏មានកម្មវិធីផ្សេងៗជាច្រើន ដោយសូមបងប្អូនអញ្ជើញមកទស្សនាទាំងអស់គ្នានៅថ្ងៃអង្គរសង្ក្រាន្តខាងមុខនេះ។

ដោយឡែកនៅក្នុងកម្មវិធីសួនញញឹមអង្គរវិញ ក៏ឃើញកំពុងតែបង្ហាញសម្រស់ដ៏ទាក់ទាញ ដោយមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បាននាំគ្នាទៅទស្សនា និងផ្តិតរូបទាំងយប់ និងថ្ងៃ ដោយបង្ហាញទឹកមុខរីករាយ សើចសប្បាយក្អាកក្អាយជាមួយក្រុមគ្រួសារ ក្រោមម្លប់នៃសុខសន្តិភាព៕

Share This Article