ការយកពន្ធដល់ទៅជាង៣៥០០ភាគរយ មានន័យស្មើនឹងឱ្យកម្ពុជា ឈប់នាំបន្ទះសូឡាទៅអាម៉េរិក

Vuthy Yous
1 Min Read

រាជធានីភ្នំពេញ៖ ចរចាគ្នារឿងពន្ធមិនទាន់ទទួលបានផ្លែផ្កាផង ស្រាប់តែសហរដ្ឋអាម៉េរិក បានប្រកាសម្ដងទៀតដោយដំឡើងកម្រិតពន្ធលើបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ឬបន្ទះសូឡាពីកម្ពុជាដល់ទៅជាង៣៥០០ភាគរយ។ ពន្ធដ៏ខ្ពស់កប់ពពកនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច ចាត់ទុកថា មានន័យស្មើនឹងការបំបិទមិនឱ្យមានការនាំចូលបន្ទះសូឡាពីកម្ពុជាទៅអាម៉េរិកតែម្ដង។ រោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ភាគច្រើនមានថៅកែជាជនជាតិចិន។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច​ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣មេសា ឆ្នាំ២០២៥នេះ បានចាត់ទុកការដំឡើងពន្ធដ៏ខ្ពស់លើការនាំចូលបន្ទះសូឡាពីកម្ពុជាទៅអាម៉េរិក គឺជាការខឹងគោ វាយរទេះ។ ខឹងគោវាយរទេះ ដោយសារតែមហាអំណាចអាម៉េរិក និងមហាយក្សចិន កំពុងតែគ្រឺតធ្មេញដាក់គ្នាជុំវិញការដំឡើងពន្ធទៅវិញទៅមក ខណៈចិនក៏ជាប្រទេសមានទំនាក់ទំនងល្អជាមួយកម្ពុជា [ពិសេសមេដឹកនាំកំពូលចិន លោកប្រធានាធិបតី ស៊ី ជីនពីង ទើបនឹងមកបំពេញទស្សនកិច្ចកម្ពុជានាពេលថ្មីៗនេះ]។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបញ្ជាក់ថា «យើងឃើញការដំឡើងពន្ធដែលមានរហូតដល់ទៅជាង៣៥០០ភាគរយនេះ វាស្មើនឹងបំបិទនូវការនាំចូលបន្ទះសូឡាដែលផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិកតែម្ដង។ អ៊ីចឹង ពាក្យខ្មែរយើងគេហៅថា ខឹងគោវាយរទេះ…ខឹងគោវាយរទេះ មានន័យថា ការដំឡើងពន្ធដាក់គ្នាទៅវិញទៅមករវាងអាម៉េរិក និងចិន ក៏បានរាលដាលដល់ប្រទេសដែលមានចំណងទាក់ទងល្អជាមួយចិន»

បើតាមលោកបណ្ឌិត ហុង វណ្ណៈ ការដំឡើងពន្ធរបស់អាម៉េរិកលើបន្ទះសូឡារបស់កម្ពុជា ក៏បានផ្ដល់ផលប៉ះពាល់ដល់កម្ពុជាដែរ ប៉ុន្តែមិនច្រើននោះទេ បើប្រៀបធៀបនឹងទំនិញចម្បងៗមួយចំនួនទៀត ព្រោះការដំឡើងពន្ធនេះគឺសម្រាប់តែបន្ទះសូឡាមួយមុខប៉ុណ្ណោះ ខណៈបរិមាណនៃការនាំចេញបន្ទះសូឡាពីកម្ពុជាមានមិនច្រើនឡើយ។ យ៉ាងណាក៏ដោយ នៅចំពោះមុខការដំឡើងពន្ធដ៏ខ្ពស់ដល់ទៅជាង៣៥០០ភាគរយពីអាម៉េរិក អ្នកជំនាញសេដ្ឋកិច្ចខាងលើបានផ្ដល់យោបល់ថា កម្ពុជាត្រូវជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកបន្ថែម និងគួរបង្វែរទីផ្សាររបស់ខ្លួន ទៅទីផ្សារផ្សេងបន្ថែមទៀតដូចជា៖ ទីផ្សារអ៊ឺរ៉ុប ទីផ្សារក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ជាដើម។ សូមជម្រាបថា បច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងការចរចាគ្នាជាមួយអាម៉េរិក ជុំវិញការស្នើសុំបន្ធូរបន្ថយពន្ធបដិការ៤៩ភាគរយ ដែលលោកប្រធានាធិបតី ដូំណាល់ ត្រាំ បានប្រកាសដាក់កាលពីដើមខែមេសា ឆ្នាំ២០២៥។ ខណៈកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នាពីរឿងពន្ធបដិការ ឬពន្ធទៅវិញទៅមកនេះ ក្រសួងពាណិជ្ជកម្មអាម៉េរិក កាលពីថ្ងៃទី២១មេសា ក៏បានបង្ហាញពីការដំឡើងពន្ធថ្មីបន្ថែមទៀតលើផលិតផលបន្ទះសូឡាពីកម្ពុជា រហូតដល់ជាង៣៥០០ភាគរយ។ មិនចង់ឱ្យមានការយល់ច្រឡំ ក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២២មេសា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ថា ការដាក់ពន្ធរបស់អាម៉េរិកលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា គឺពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការនោះទេ។

មិនមែនតែកម្ពុជាទេ មានប្រទេស៣ទៀតក្នុងតំបន់អាស៊ាន ដែលត្រូវអាម៉េរិកដំឡើងពន្ធថ្មីលើការនាំចូលបន្ទះសូឡា គឺ៖ វៀតណាម និងថៃ ជិត៤០០ភាគរយ ហើយម៉ាឡេស៊ី ជាង៣៤ភាគរយ។ ការដំឡើងពន្ធខ្ពស់លើផលិតផលបន្ទះសូឡានេះ ត្រូវបានអាម៉េរិកលើកហេតុផលថា ព្រោះតែក្រុមហ៊ុនធំៗរបស់ចិន ដែលមាននៅប្រទេស៤នេះ បាននាំចេញបន្ទះសូឡាក្នុងតម្លៃទាប ហើយក្រុមហ៊ុនទាំងនោះថែមទាំងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលចិន ដែលធ្វើឱ្យទំនិញអាម៉េរិកពិបាកប្រកួតប្រជែង។ យ៉ាងណាក៏ដោយ ជាការកត់សម្គាល់ ការដំឡើងពន្ធខ្ពស់មិនគួរឱ្យជឿលើផលិតផលបន្ទះសូឡានេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទើបនឹងមកបំពេញទស្សនកិច្ចនៅប្រទេស៣នៅអាស៊ាន គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជា នាពាក់កណ្តាលខែមេសា ឆ្នាំ២០២៥នេះ៕

Share This Article