រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងប្រាប់ភាគីអ៊ីរ៉ង់ថាអង្ករ ម្រេច និងស្វាយចន្ទីកម្ពុជា សុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់ ហេតុនេះភាគីអ៊ីរ៉ង់អាចពិនិត្យលទ្ធភាពនាំយកទៅកាន់ទីផ្សារខ្លួន ខណៈអ៊ីរ៉ង់ទាមទាចង់ឱ្យគ្រប់ផលិតផលត្រូវមានស្ដង់ដារ គុណភាពខ្ពស់ និងមានអនាម័យ មុខនាំចូលទៅទីផ្សារខ្លួន។

លោក អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម និងលោក អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានជួបជជែកគ្នានៅទីស្តីការក្រសួងកសិកម្មកម្ពុជា កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោក អុឹម ស៊ីថុល បានសម្ដែងការស្វាគមន៍ និងក្ដីសោមនស្សរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អ៊ីរ៉ង់ ក្នុងវិស័យកសិកម្មឱ្យកាន់តែជិតស្និត និងរឹងមាំបន្ថែមទៀត។ លោកសង្កត់ធ្ងន់ថា៖«កម្ពុជាមានកសិផលសក្កានុពលជាច្រើន រួមមាន៖ អង្ករ ម្រេច និងស្វាយចន្ទី មានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ ដែលភាគីអ៊ីរ៉ង់អាចពិនិត្យលទ្ធភាពនាំយកទៅកាន់ទីផ្សារអ៊ីរ៉ង់»។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកកសិផលកម្ពុជាទៅកាន់ទីផ្សារអ៊ីរ៉ង់។ ប៉ុន្តែលោកឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់ថា៖«ប្រការសំខាន់ត្រូវទាមទារចាំបាច់នូវគុណភាពខ្ពស់ មានអនាម័យ និងជាផលិតផលស្ដង់ដារ»។ ជាមួយគ្នានេះ លោក អាលី អាកបារ ណាហ្សារី ក៏បានលើកឡើងនូវកសិផលអ៊ីរ៉ង់ រួមមាន ផ្កា(Saffron) និងផ្លែឈើសំខាន់ៗជាច្រើនប្រភេទប្រាប់កម្ពុជាផងដែរ។ មុនបញ្ចប់ ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ទាំងការងារសុខភាពសត្វ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឱ្យកាន់តែរហ័ស មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ភាគីកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះនឹងមានភាពបុរេសកម្ម ផ្តល់ផលចំនេញទ្វេភាគី៕



