ម៉ាឡេស៊ី​គ្រោង​តភ្ជាប់​ផ្លូវដែក​ដឹកទំនិញទៅកាន់រាជធានីបាងកក ដើម្បី​ជំរុញ​ពាណិជ្ជកម្ម

Vuthy Yous
1 Min Read

រាជធានីគូឡាឡាំពួរ៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋម៉ាឡេស៊ីចុះផ្សាយថា ម៉ាឡេស៊ីគ្រោងចាប់ផ្តើមសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកដោយផ្ទាល់រវាងរាជធានីគូឡាឡាំពួរ និងរាជធានីបាងកក ប្រទេសថៃ នៅក្នុងឆ្នាំនេះ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងពាណិជ្ជកម្មក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក អាន់ថូនី ឡូកេ (Anthony Loke) បានលើកឡើងថា នាយករដ្ឋមន្ត្រី និងខុទ្ទកាល័យក្រសួងដឹកជញ្ជូនបានយល់ព្រមលើសំណើនេះ ហើយសេវាកម្មផ្លូវដែកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍កាលពីថ្ងៃអាទិត្យទី៤ឧសភា។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី រូបនេះបានសង្កត់ធ្ងន់ថា៖«ការតភ្ជាប់ផ្លូវដែកផ្ទាល់ពីគូឡាឡាំពួ-បាងកក ក៏នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ទៅកាន់ប្រទេសផ្សេងទៀត រួមទាំងឡាវ ចិន និងអាស៊ីកណ្តាលផងដែរ»។ យ៉ាងណា អ្នក​នាំ​ពាក្យ​ក្រសួង​ដឹក​ជញ្ជូន​ថៃ ​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

លោក អាន់ថូនី ឡូកេ ដែលបានទៅទស្សនកិច្ចនារាជធានីបាងកក កាលពីសប្តាហ៍មុន បានជួបសមភាគីថៃ ដោយបានប្រកាសថា ម៉ាឡេស៊ី-ថៃ មានគោលបំណងស្តារឡើងវិញនូវសេវាកម្មផ្លូវដែកផ្ទាល់សម្រាប់អ្នកដំណើរដែលធ្វើដំណើរទៅវិញទៅមករវាងរាជធានីគូឡាឡាំពួ និងរាជធានីបាងកក ដើម្បីជំរុញទេសចរណ៍ឆ្លងព្រំដែន។ លើសពីនេះ លោកបានបញ្ជាក់ថា សេវាកម្មនេះនឹងប្រើប្រាស់ផ្លូវដែលមានស្រាប់ ហើយប្រតិបត្តិករផ្លូវដែករបស់ម៉ាឡេស៊ី-ថៃ ត្រូវបានផ្តល់រយៈពេល៣ខែ ដើម្បីរៀបចំឡើងវិញ។

សូមរំឭកថា ម៉ាឡេស៊ីបានអះអាងកាលពីឆ្នាំមុនថា ខ្លួននឹងពិចារណាពង្រីកគម្រោងផ្លូវដែកដែលដឹកនាំដោយប្រទេសចិនតម្លៃ១០ពាន់លានដុល្លារ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសថៃ។ ខ្សែ​ផ្លូវរថភ្លើង​ប្រវែង៦៦៥គីឡូម៉ែត្រ​នោះ ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២៦ ហើយ​នឹង​តភ្ជាប់តំបន់​ឆ្នេរសមុទ្ទខាងកើត និង​ខាងលិច​របស់​ម៉ាឡេស៊ី​។ មែនទែនទៅ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី និងថៃ។ គួរជម្រាបថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់កំនាបពន្ធគយ រហូតដល់១៤៥ភាគរយលើប្រទេសចិន ខណៈម៉ាឡេស៊ីរងគំនាប២៤ភាគរយ និងថៃប្រឈមមុខ៣៦ភាគរយ៕

Share This Article